​រដ្ឋ​បានកំណត់​ទិសដៅ​ទាក់ទាញ​ទេសចរ​ឱ្យបាន​ ១៩ លាន​នាក់​ឆ្នាំនេះ​ 91 views

02/27/2023

ភ្នំពេញៈ វិស័យ​ឯកជន​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​យុទ្ធនាការ​នានា​ក្នុងការ​​ផ្សព្វផ្សាយ «​ឆ្នាំ​ទស្សនា​កម្ពុជា​​ ២០២៣» ជាមួយនឹង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កីឡា ស៊ី​ហ្គេម អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ​២០២៣ ដើម្បី​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ឱ្យបាន ​១៩​ លាន​នាក់​នៅ​ឆ្នាំនេះ​។​

​កាលពី​ថ្ងៃទី​ ២៣ កុម្ភៈ​រដ្ឋា​ភិ​បាល​កម្ពុជា​បានចេញ​សារាចរ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន សម្រេច​ដាក់ឱ្យអនុវត្ត​នូវ​យុទ្ធនាកា រ​«​ឆ្នាំ​ទស្សនា​កម្ពុជា​ ២០២៣» ក្រោម​ពាក្យស្លោក «​គ្រប់​ថ្ងៃ​គឺជា​អច្ឆរិយ​ភាព​» ក្នុង​គោលបំណង​លើកកម្ពស់ ​«​កិត្តិនាម​ទេសចរណ៍​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ ផ្តល់​ភាពកក់ក្តៅ​» នៅលើ​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ឱ្យបាន​យ៉ាងតិច​៤​លាន​នាក់ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ឱ្យបាន​យ៉ាងតិច ​១៥​ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២៣»​។

​ជាមួយគ្នានេះដែរ ក៏​ដើម្បី​ផ្សារភ្ជាប់​រវាង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ និង​ «​យុទ្ធនាការ​ឆ្នាំ​ទស្សនា​កម្ពុជា ឆ្នាំ​ ២០២៣»​ ដើម្បី​បង្កើន​ឧ​ត្ត​ម​ភាព​ប្រកួតប្រជែង​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ​ផងដែរ​។​

​លោក​ ហ៊ុន សែន ក៏បាន​គូស​បញ្ជាក់​ក្នុង​សារាចរ​នោះ​ថា​៖ «​ឆ្នាំ​ទស្សនា​កម្ពុជា​ ២០២៣ ដោយ​ភ្ជាប់​នឹង​យុទ្ធនាការ ​«​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​ផ្តល់​ភាពកក់ក្តៅ​»​ ដោយ​រំលេច​ពី​អត្តសញ្ញាណ​នៃ​ប្រទេស​កម្ពុជា​ដែលជា​គោលដៅ​ទេសចរណ៍​ប្រមូលផ្តុំ​ដោយ​ភាព​ទាក់ទាញ​ទេសចរណ៍​ដ៏​អស្ចារ្យ​និង​ការ ទទួល​ស្វាគមន៍​ដ៏​កក់ក្តៅ ដោយ​ឈរលើ​សសរស្តម្ភ​សក្តានុពល​ទាំង​ ៤ ​នៃ​ទេសចរណ៍​កម្ពុជា (​បេតិកភណ្ឌ វប្បធម៌​; អេកូ​ទេសចរណ៍​; ទេសចរណ៍​ឆ្នេរ​; និង​ភាពជា​ខ្មែរ ដែល​អាច​ផ្តល់ជូន​ភ្ញៀវទេសចរ​នូវ​បទពិសោធន៍​ និង ភាព​ប្លែកៗ​គ្នា​)​ តាមរយៈ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ស្វាគមន៍​ចំពោះ​យុទ្ធនាការ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​ព្រឹត្តិការណ៍​នៃ​ការរៀបចំ​កីឡា​ស៊ី​ហ្គេម អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ ២០២៣ ​ដែលជា​ព្រឹត្តិការណ៍​កីឡា​និង​ទេសចរណ៍​ដ៏​មាន​សារៈសំខាន់​។​

​លោកស្រី​បាន​មានប្រសាសន៍ថា​៖ «​ព្រឹត្តិការណ៍​ទេសចរណ៍​នានា ពិសេស​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នា​រយៈពេល​ខាងមុខ ក៏​ជា​ផ្នែក​ដ៏​សំខាន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ពិសេស​មកពី​ប្រទេស​ចិន​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ផងដែរ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ក៏បាន​លើក​​ឡើង​ផងដែរ​ថា ផែន​ការដែល​រដ្ឋាភិបាល​ដាក់ចេញ​នេះ​នឹង​ក្លាយជា​កម្លាំង​មួយ​ក្នុងការ ជំ​រុញឱ្យ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​កាន់តែច្រើន​។

​លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​ការអនុវត្ត​ទៅតាម​ផែនការ​ខាងលើ​ធ្វើឡើង​ដោយ​ប្រសិទ្ធ​ភាព គឺ​ប្រាកដជា​កម្ពុជា​អាច​ទទួលបាន​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដូច​ការរំពឹងទុក ឬ​យ៉ាងហោចណាស់​ក៏បាន ៧០​ ភាគរយ​ដែរ​»៕