​ក្រុម​អ្នក​ជួសជុល​បង្ហាញ​អារម្មណ៍​រីករាយ ក្រោយ​ឃើញ​ខ្លោងទ្វារ​តា​កាវ​នៃ​ក្រុង​អង្គរធំ ឈរ​រឹងមាំ​ឡើងវិញ 81 views

03/13/2023

សៀមរាបៈ ស្ថាបត្យកម្ម អ្នក​បុរាណ​វិទូ និង​ក្រុម​ជាង​គ្រប់ផ្នែក ដែល​បាន​ចូលរួម​ជួសជុល​សំណង់​ខ្លោងទ្វារ​តា​កាវ​នៃ​ក្រុង​អង្គរធំ បានបង្ហាញ​អារម្មណ៍​រីករាយ បន្ទាប់ពី​ឃើញ​ខ្លោងទ្វារ​បុរាណ​មួយ​នេះ បង្ហាញ​សម្រស់​ដ៏​ល្អ​ឯក ព្រមទាំង​មាន​ភាពរឹងមាំ​យូរអង្វែង​តទៅទៀត​។​

​អ្នកស្រី ហាន ម៉ាច អាយុ​ ៦៦ ​ឆ្នាំ ជា​អ្នកភូមិ​ស្រះស្រង់​ខាងជើង ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទ​ជាច្រើន នៅ​តំបន់​អង្គរ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ជាង​ ២០​ ឆ្នាំ​មកហើយ ក្នុងចំណោម​កម្មករ​ជាច្រើន​ទៀត ដែល​បាន​ទៅ​ជួសជុល​ខ្លោងទ្វារ​តា​កាវ មានប្រសាសន៍ថា កាលពី​ដំបូង ខ្លោងទ្វារ​តា​កាវ បាន​រង​ការខូចខាត​ជាច្រើន​កន្លែង ដូចជា​ថ្ម​ក្រៀក​ចេញពី​គ្នា ព្រមទាំង​មាន​ជ្រុះ​ធ្លាក់​មក​ដី​ផង ហើយ​នៅ​ទីតាំង​កំពូល​មុខព្រហ្ម ដំរី​ក្បាល ​៣ ចម្លាក់​រូប​ទេវតា និង​អសុរ​ទាញព្រ័ត្រ​នៅ​ស្ពាន​ហាល​ជាដើម​សុទ្ធតែជា​កន្លែង​គ្រោះថ្នាក់ មិនអាច​ធ្វើដំណើរ​ឆ្លង​កាត់​បានទេ​។​

​អ្នកស្រី ហាន ម៉ាច មានប្រសាសន៍​ដោយ​សប្បាយចិត្ត​ថា មក​ដល់ពេល​ជួសជុល​រួចរាល់ ឃើញថា សម្រស់​ខ្លោងទ្វារ​តា​កាវ ពិតជា​ស្អាត​ខ្លាំងណាស់ ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង​។ «​ការងារ​នេះ​មានតម្លៃ​ខ្លាំងណាស់ ព្រោះ​អ្នកស្រី​បាន​ចូលរួម​ថែរក្សា​ប្រាសាទបុរាណ​ខ្មែរ​យើង ឱ្យ​ស្ថិតស្ថេរ​យូរអង្វែង​បន្តទៀត​»​។

​លោក ហឿង ឈ្លឿ​ន អាយុ​ ៣៩ ​ឆ្នាំ អ្នកភូមិ​អូរទទឹង ជា​កម្មករ​ដែល​បាន​ចូលរួម​ជួសជុល​ខ្លោងទ្វារ តា​កាវ​ម្នាក់ទៀត ឱ្យដឹង​ដែរ​ថា រយៈពេល​៣​ឆ្នាំ​មកនេះ ខ្លោងទ្វារ​តា​កាវ បាន​ផ្លាស់​ប្រែ​សភាព​ខុសប្លែក​ពីមុន ដែល​ធ្លាប់តែ មានការ​បាក់បែក បែរជា​ត្រឡប់​ទៅជា​រឹងមាំ​ឡើងវិញ​។

​លោក ឈ្លឿ​ន បន្តថា ការជួសជុល​ខ្លោងទ្វារ​តា​កាវ​បាន​ជួប​ការលំបាក​ខ្លះៗ ដោយសារតែ​បាត់​ថ្ម​ជាច្រើន ដែល​តម្រូវឱ្យ​ថែម​ថ្ម​ថ្មី​។ ប៉ុន្តែ​លោក​បាន​ខិតខំ​បំពេញការងារ ដោយ​យកចិត្តទុកដាក់ ដើម្បី​រក្សា​កេរ​មរតក​ដូនតា​មួយ​នេះ ឱ្យបាន​គង់វង្ស​បន្តទៀត​។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ខ្លោងទ្វារ​តា​កាវ​បច្ចុប្បន្ន បានបង្ហាញ​សម្រស់ និង​ភាពរឹងមាំ ត្រចះត្រចង់​ឡើងវិញ ឈរ​បង្អួត​ភ្ញៀវទេសចរ​យ៉ាង​មោទនភាព ហើយ​ប្រជាពលរដ្ឋ​ក៏​នឹង​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នេះ បាន​ដោយ​សុខ​សុវត្ថិភាព​លែងមាន​ការ​លំបាក​ដូច​មុន​ទៀតហើយ​៕​