06/05/2023
ឯកឧត្តម អ៊ុក សុខា អគ្គនាយនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារនៃអគ្គនាយកបេតិកភណ្ឌ សហការជាមួយ ឯកឧត្តម ឧត្តមនាវាទោ លី ហួត មេបញ្ជាការសន្តិសុខលំហសមុទ្រមន្ត្រីជាន់ខ្ពស់នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ដើម្បីពិនិត្យនិងវាយតម្លៃ សមុច្ច័យកុលាលភាជន៍ដែលកងកម្លាំងបានស្រង់យកពីសំពៅជំនួញលិចក្នុងទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ និងកោះឬស្សី។
វត្ថុបុរាណទាំងនេះ ត្រូវបានយកមករក្សាទុកនៅទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ និងនៅសាលាហ្វឹកហ្វឹនកងទ័ពជើងទឹក ក្នុងខេត្តព្រះសីហនុ។
សមុច្ច័យដែលបានស្រង់ចេញពីសំពៅលិចរួមមានកុលាលភាជន៍ច្រើនប្រភេទ ខ្លះជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចាន ឆ្នាំង ជើងក្រានរួមទាំងវត្ថុផ្សេងៗជាច្រើន។ កុលាលភាជន៍ភាគច្រើន ដុតក្នុងកំដៅខ្ពស់និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់ ដូចជា ឡមេណាំណយនិងឡស្រីសជនាល័យ ក្នុងខេត្តសិង្ហបុរី និងសុខោទ័យ ក្នុងប្រទេសថៃសព្វថ្ងៃនេះ។ ចំពោះ ភាជន៍ផលិតបែបប្រពៃណី គឺផលិតនៅតាមភូមិក្បែរក្រុងអយុធ្យា។
តាមការសិក្សាប្រៀបធៀបសមុច្ច័យកុលាលភាជន៍រកឃើញ អ្នកជំនាញអាចសន្មតថា ដំណើរសំពៅដឹកទំនិញជំនួញនេះ ប្រហែលអាចស្ថិតនៅចន្លោះ ស.វ.១៥ ដល់ ស.វ.១៧ នៃគ.ស. ឬយើងអាចនិយាយបានថាស្ថិតនៅរវាង ៣០០ឆ្នាំ ទៅ៥០០ឆ្នាំ មុនពេលបច្ចុប្បន្ន។
អំឡុងពេលជួបប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ ឯកឧត្តម អ៊ុក សុខា បានស្នើសុំ ឯកឧត្តម ឧត្តមនាវាទោ លី ហួត ជួយសហការការការពារតំបន់សំពៅលិចដោយបោះផ្ទាំងសញ្ញាសម្គាល់តំបន់អភិរក្សបេតិកភណ្ឌក្រោមទឹកក្នុងភូមិសាស្ត្រសំពៅលិចនិងបានសុំប្រគល់វត្ថុដែលបានរកឃើញជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរក្សាទុកជាសម្បត្តិជាតិ៕
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ